នាព្រឹកថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល
អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(អ.គ.ហ.)តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និង
ជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល
ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ
អ.គ.ហ. បានថ្លែងសុន្ទរកថាបើកសិក្ខាសាលាស្តីពីការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
ដោយមានការចូលរួមដឹកនាំការពិភាក្សាដោយឯកឧត្តម សៀក សុភ័គ អគ្គនាយករង
នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងឯកឧត្តម ប៉ាត់ សុក
ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង
(១)បង្កើនការយល់ដឹងអំពីនីតិវិធីនៃការធ្វើប័ណ្ណកម្មសិទ្ធិ
នីតិវិធីនៃការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និង នីតិវិធីនៃការស្នើសុំជំរះទ្រព្យសម្បត្តិរដ្ឋពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
(២)ជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
ដែលស្ថិតក្រោមការកាន់កាប់ដោយក្រសួង-ស្ថាប័នថ្នាក់កណ្ដាល
និងជំរុញឱ្យមន្ទីរជំនាញតាមរាជធានី-ខេត្តដាក់ពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិ និង
(៣)
ពិគ្រោះយោបល់លើបញ្ហាប្រឈមនៃការធ្វើប័ណ្ណកម្មសិទ្ធិកន្លងមកដើម្បីសម្របសម្រួល
និងគាំទ្រដល់ការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័ន
និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត
ពាក់ព័ន្ធនឹងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ
ដែលជាសូចនាករក្នុងផែនការសកម្មភាពរួមនៃកម្មវិធីកែទម្រង់ការគ្រង់គ្រងហិរញ្ញវត្ថុសាធារណៈ
ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង
និងមន្ត្រីជំនាញទទួលបន្ទុកការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
ដែលជាតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ឯកឧត្តម លោក លោកស្រី
ក្រុមការងារគណៈកម្មការអន្តក្រសួងរវាងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី
នគរូបនីយកម្ម និងសំណង តំណាងអគ្គនាយកដ្ឋានគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
និងចំណូលមិនមែនសារពើពន្ធ អគ្គនាយកដ្ឋានថវិកា
អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងលោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដី ទាំង ២៥ រាជធានី ខេត្ត។